ណាសា៖ ចុងខែតុលានេះនឹងមានដុំអាចម៍ផ្កាយអង្កិតផ្ចិត២,៥គ.មហោះកាត់ផែនដី
អង្គការណាសាបានប្រកាសថា នៅថ្ងៃទី៣១ខែតុលាត្រូវជាថ្ងៃបុណ្យ Halloween គឺជាពេលវេលាដែលអាចម៍ផ្កាយទំហំដ៏ធំមួយនឹងហោះកាត់ផែនដីក្នុងរយៈចម្ងាយកៀកបំផុត។
អាចម៍ផ្កាយនោះត្រូវបានគេឲ្យឈ្មោះថា 2015 TB145 ដោយវាមានអង្កត់ផ្ចិតទំហំ២,៥គ.ម ហើយនឹងហោះកាត់ផែនដីក្នុងល្បឿន ១២៥ ៥០០គ.ម/ម៉ និងស្ថិតនៅចម្ងាយប្រមាណ ៤៩៩ ០០០គ.មពីផែនដី។ ចម្ងាយនេះគឺស្មើនឹង១.៣ នៃចម្ងាយរវាងផែនដីនិងព្រះចន្ទ ដូចនេះអ្នកដែលមានកែវយឹតនឹងអាចមើលឃើញដុំអាចម៍ផ្កាយនេះបាន។ បើយោងតាមអង្គការណាសាបានឲ្យដឹងផងដែរថា ដុំអាចម៍ផ្កាយនាថ្ងៃ Halloween នេះនឹងហោះកាត់ផែនដីនៅវេលាម៉ោង ១០និង១៤នាទីយប់ថ្ងៃសៅរ៍ទី៣១ខែតុលានេះ។
ដុំអាចម៍ផ្កាយនេះគឺជាដុំអាចម៍ផ្កាយដែលហោះមកកៀកផែនដីជាងគេចាប់តាំងពីឆ្នាំ២០០៦ខែកក្កដាមក ហើយក្រុមអ្នកវិទ្យាសាស្ត្រជឿថា គេនឹងមិនអាចមើលឃើញអាចម៍ផ្កាយដ៏ធំបែបនេះទៀតរហូតដល់ឆ្នាំ២០២៧។
គួរបញ្ជាក់ផងដែរថា ការហោះកាត់របស់ដុំអាចម៍ផ្កាយទំហំធំដែលគេបានប្រទះឃើញកាលពីពីរសប្ដាហ៍មុននេះនឹងមិនមានផលប៉ះពាល់អ្វីដល់ជីវិតលើផែនដីនោះឡើយ។ នេះបើតាមការអះអាងរបស់អង្គការណាសា៕
Post a Comment