មិត្តស្រីដែលត្រូវ ឈិន ឡុង បោះបង់ចោល ក្ដុកក្ដួលពេលបានស្លៀករ៉ូបការលើកទីមួយ
អតីតបវរកញ្ញានិងតារាសម្ដែងហុងកុង Ng Yi Lei បានចែករំលែករូបភាពរបស់ខ្លួនស្លៀករ៉ូបអាពាហ៍ពិពាហ៍ជាលើកទីមួយនិងនិយាយទាំងអួលដើមកថាក្ដីសុបិនរបស់ខ្លួនបានក្លាយជាការពិតហើយ។
ថ្មីៗនេះ អតីតមិត្តស្រីរបស់តារាសម្ដែងហុងកុង Jackie Chan នាង Ng Yi Lei បានបង្ហោះរូបខ្លួនគ្រងរ៉ូបមង្គលការនៅលើខ្លួន។ អតីតបវរកញ្ញារូបនេះបានសរសេរថា “មិននឹកស្មានសោះថាខ្ញុំមានឱកាសបានស្លៀករ៉ូបមង្គលការបែបនេះ”។ បើទោះបីជានេះគ្រាន់តែជាការ ល រ៉ូបនៅហាងមួយ ក៏បានធ្វើឲ្យនាងរីករាយដែរ។
Yi Lei និយាយពីអារម្មណ៍របស់ខ្លួនថា “មុននេះ កាលពេលនៅក្មេង ខ្ញុំធ្លាប់ស្រមៃពីពិធីមង្គលការដ៏អធិកអធមមួយ តែឥលូវនេះវាហាក់បីដូចជាមិនអាចកើតឡើងបានទេ”។
បវរកញ្ញា ATV Ng Yi Lei ត្រូវបានគេស្គាល់មុខច្រើនដោយសារតែធ្លាប់មានទំនាក់ទំនងស្នេហាជាមួយ តារាសម្ដែង ឈិន ឡុង។ អ្នកទាំងពីរចាប់ផ្ដើមមានទំនាក់ទំនងស្នេហានៅឆ្នាំ ១៩៩៩។ នៅពេលនោះ ឈិន ឡុង បានមានប្រពន្ធនិងកូនរួចទៅហើយ។ Ng Yi Lei ទោះបីជាដឹងថាខ្លួនគ្មានតំណែងអ្វីក៏នៅតែប្រឹងដើរតាមតារាសម្ដែងនេះដដែល។
សារព័ត៌មាននៅពេលនោះបានឲ្យដឹងថា Ng Yi Lei នៅពេលនោះជឿជាក់ថាខ្លួននឹងអាចយកឈ្នះប្រពន្ធដើម ឈិន ឡុង Lin Feng Jiao បានបើខ្លួនមានផ្ទៃពោះ។ “Jackie Chan នៅពេលនោះមិនបានបង្ហាញមុខប្រពន្ធជាសាធារណៈ រីឯប្រពន្ធក៏នៅដល់អាមេរិក ទើប Yi Lei បានឆក់យកឱកាសនេះកេងចំណេញលើតារាសម្ដែងក្បាច់គុនរូបនេះ។ ដោយមានគំនិតបែបនេះ Ng Yi Lei បានខំប្រឹងមានកូនជាមួយ Jackie មុនពេលតារាសម្ដែងនេះប្ដូរចិត្ត”។ ប្រភពមួយបង្ហើបទៅកាន់សារព័ត៌មាន QQ។
យ៉ាងណាមិញ នៅពេលតារាវ័យ៤៣ឆ្នាំរូបនេះប្រកាសថាមានផ្ទៃពោះនិងកើតកូន ឈិន ឡុង បែរជាលែងចាប់អារម្មណ៍នឹងនាង រហូតដល់សំណូមពរនាងឲ្យយកទារកនោះទៅពិនិត្យ DNA។ នៅពេលមានលទ្ធផលថាកូននោះពិតជាតំណក់ឈាមរបស់ខ្លួនមែន ឈិន ឡុង បានទទួលស្គាល់ថាខ្លួនមានកូនឥតខាន់ស្លាពិតមែន តែដោយសារត្រូវគេដាក់អន្ទាក់នៅពេលផឹកស្រាស្រវឹង។ ច្រើនឆ្នាំកន្លងផុតទៅ លោកគ្មានគំនិតចង់ជួបកូនស្រីម្ដងណានោះទេ។
នៅក្នុងសៀវភៅនិយាយពីប្រវត្តិរបស់ខ្លួនដែលទើបតែចេញផ្សាយនៅពេលថ្មីនេះ ឈិន ឡុង បានផ្ញើពាក្យអរគុណទៅដល់ប្រពន្ធ Lin Feng Jiao ដែលបានលើកលែងទោសក៏ដូចជាមានចិត្តសន្ដោសប្រណីដល់អ្វីដែលខ្លួនបានធ្វើខុសកាលពីនៅក្មេង។ រីឯចំពោះ Ng Yi Lei វិញតារាសម្ដែងនេះមិនលាក់លៀមនូវការស្ដាយក្រោយរបស់ខ្លួននៅពេលបានលើកឡើងថា “នោះគឺជាវិប្បដិសារីដែលធំបំផុតនៅក្នុងជីវិតរបស់ខ្ញុំ”៕
Post a Comment