Apple មិនឲ្យ Samsung ផលិតឈីប iPhone 7 ក្រោយរកឃើញឈីបខុសគ្នាលើ iPhone 6s / 6s Plus?
បន្ទាប់ពីមានការរកឃើញពីភាពខុសគ្នានៅលើបន្ទះឈីបដែលប្រើនៅលើ iPhone 6s និង iPhone 6s Plus ថ្មីៗនេះមានរបាយការណ៍ថ្មីមួយបានឲ្យដឹងថាឈីប A10 ដែលនឹងប្រើនៅលើ iPhone 7 គឺផលិតដោយក្រុមហ៊ុន TSMC តែមួយប៉ុណ្ណោះ។
បន្ទះឈីប A9 ដែលប្រើនៅលើ iPhone 6S និង iPhone 6S Plus គឺត្រូវបានផលិតឡើងដោយក្រុមហ៊ុនចំនួនពីរផ្សេងគ្នាគឺក្រុមហ៊ុន Samsung និង ក្រុមហ៊ុន TSMC។ ប៉ុន្តែកន្លងទៅមានព័ត៌មានបានឲ្យដឹងថាបន្ទះឈីបដែលប្រើលើ iPhone 6S និង iPhone 6S Plus គឺមានភាពខុសគ្នាដោយបន្ទះដែលផលិតដោយក្រុមហ៊ុន TSMC មានទំហំធំជាង និងមានកម្រិតថាមពលថ្មប្រើបានយូរជាង បន្ទះឈីបដែលផលិតដោយក្រុមហ៊ុន Samsung។
ដោយឃើញពីភាពខុសគ្នាបែបនេះ វាអាចជាហេតុផលមួយផងដែរដែលនឹងអាចធ្វើឲ្យក្រុមហ៊ុន Apple នឹងធ្វើការពិចារណាជ្រើសយកតែក្រុមហ៊ុនមួយគឺ TSMC ប៉ុណ្ណោះដើម្បីឲ្យផលិតឈីបថ្មីសម្រាប់ iPhone ជំនាន់បន្ទាប់របស់ខ្លួន។
យ៉ាងណាក្ដីនេះគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ ព្រោះពុំទាន់មានការបញ្ជាក់ណាមួយពីក្រុមហ៊ុន Apple ផ្ទាល់នៅឡើយនោះទេ។ ដូច្នេះយើងមានតែរង់ចាំមើលទេថា តើបន្ទះឈីបសម្រាប់ iPhone ជំនាន់ក្រោយនឹងផលិតដោយក្រុមហ៊ុន TSMC តែមួយ ឬ នៅតែផលិតដោយក្រុមហ៊ុនទាំងពីរដដែល៕
Post a Comment