ឃើញ៥ចំណុចនេះ អ្នកអាចប្ដូរលែងប្រើ iPhone ទៅប្រើ Android វិញ
ប្រិយមិត្តដែលប្រើប្រាស់ទូរសព្ទ iPhone ប្រាកដជាយល់ថាមានតែទូរសព្ទនេះទេ ដែលអាចផ្គាប់ចិត្តរបស់ខ្លួនបាន ហេតុនេះទើបធ្វើឲ្យគេមិនចង់ប្ដូរទៅប្រើទូរសព្ទ Android និងបានមើលរំលងចំណុចល្អប្រសើរមួយចំនួនរបស់ Android។
ខាងក្រោមនេះគឺជាហេតុផលប្រាំយ៉ាង ដែលអាចធ្វើឲ្យអ្នកប្ដូរពីទូរសព្ទ iOS ទៅប្រើ Android វិញ៖
១. ជម្រើសនៃទូរសព្ទ៖
ក្រុមហ៊ុន Apple ផ្ដល់ជម្រើសទូរសព្ទតែបីប្រភេទប៉ុណ្ណោះគឺអេក្រង់ ៤អ៊ីញ (iPhone 5 និង 5s), ៤,៧អ៊ីញ(iPhone 6 និង 6s) និង ៥,៥អ៊ីញ (iPhone 6 Plus និង 6s Plus)។ ប៉ុន្តែជាមួយទូរសព្ទ Android វិញអ្នកអាចមានច្រើនជម្រើសដោយសុទ្ធសឹងតែមានអេក្រង់ធំៗ ដូចជា Galaxy Note 5, Galaxy S6 Edge+, Nexus 6P, Xperia Z5 និង Moto X ជាដើម។
២. រន្ធ USB កម្រិតស្តង់ដារ៖
ក្រុមហ៊ុន Apple នៅតែបន្តប្រើប្រាស់រន្ធ USB Lightning នៅលើទូរសព្ទស៊េរីថ្មីរបស់ខ្លួន ចំណែកឯ Android វិញបានវិវត្តទៅកាន់រន្ធ USB Type-C ម្ដងបន្តិចៗនៅលើទូរសព្ទស៊េរីថ្មីមួយចំនួនដូចជា ទូរសព្ទ Nexus របស់ Google ជាដើម។ រន្ធ USB Type-C នេះមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងមានល្បឿនផ្ទេរ ព្រមទាំងបញ្ចូលថាមពលបានលឿនទៀតផង។ ក្នុងពេលឆាប់ៗខាងមុខទូរសព្ទ Android នឹងបំពាក់រន្ធ USB Type-C គ្រប់ម៉ូដែល ប្រៀបដូចជារន្ធ micro-USB នាពេលបច្ចុប្បន្នដែរ។
៣. គុណភាពថ្មមានភាពប្រសើរជាង៖
មុខងារថ្មីរបស់ប្រព័ន្ធប្រតិបត្តិការ Android Marshallow ដែលមានឈ្មោះ Doze ជួយឲ្យទូរសព្ទកាន់ថ្មបានយូរជាងមុន។ នៅពេលដែលទូរសព្ទអ្នកមិនមានដំណើរការឬមិនកម្រើកមួយរយៈពេលនោះ ទូរសព្ទនឹងដំណើរការមុខងារ Doze ឡើង ដោយវានឹងបិទអ៊ីនធឺណិតទូរសព្ទ ព្រមទាំងបិទកម្មវិធីមួយចំនួនដែលដំណើរការលើ Background។
៤. កាមេរ៉ាមានភាពប្រសើរជាង៖
ទូរសព្ទ iPhone 6s និង 6s Plus បានបន្ថែមនូវទំហំកាមេរ៉ាដែលធ្វើឲ្យការផ្ដិតយករូបភាពនិងវីដេអូបានល្អជាងមុនក៏ពិតមែន ប៉ុន្តែនៅចាញ់ទូរសព្ទ Android មួយចំនួននៅឡើយនោះទេ។ បើយោងតាមការធ្វើតេស្តរបស់វិបសាយ DxOMark បានបង្ហាញថា មានទូរសព្ទ Android មួយចំនួនដែលមានគុណភាពកាមេរ៉ាល្អជាង iPhone 6s។
៥. អេក្រង់ល្អជាង៖
Apple បានបំពាក់អេក្រង់ Retina-HD ទៅលើទូរសព្ទជំនាន់ថ្មីរបស់ខ្លួន តែនៅមិនអាចយកឈ្នះទូរសព្ទ Android មួយចំនួនឡើយ។ ឧទាហរណ៍ដូចជា iPhone 6s Plus មានអេក្រង់ប្រភេទ Full-HD 1080p ប៉ុន្តែបើប្រៀបជាមួយនឹង Xperia Z5 គឺមានអេក្រង់ច្បាស់ប្រភេទ Ultra-HD ដល់ទៅ 4K។
Post a Comment