ឧបករណ៍ថ្មីអាចស្កេនបរិមាណកាឡូរីក្នុងចំណីអាហារបានភ្លាមៗ
បច្ចុប្បន្ននេះមានកម្មវិធីក៏ដូចជាវិបសាយជាច្រើនដែលអាចឲ្យអ្នកប្រើប្រាស់ដឹងពីបរិមាណកាឡូរីក្នុងចំណីអាហារដែលពួកគេទទួលទាន ប៉ុន្តែដំណើរការហាក់មានភាពសាំញ៉ាំ និងមិនច្បាស់លាស់នោះទេ។ ដោយហេតុនេះទើបគេបង្កើតនូវឧបករណ៍ពិសេសមួយ ដែលអាចធ្វើការស្កេនលើចំណីអាហារ និងបង្ហាញពីបរិមាណកាឡូរីដែលមាន បានដោយងាយស្រួលជាទីបំផុត។
ក្រុមហ៊ុន Consumer Physics របស់ប្រទេសអ៊ីស្រាអែលបានបង្កើតនូវឧបករណ៍ឈ្មោះថា Scio ដែលប្រើប្រាស់នូវពន្លឺភ្លើងដើម្បីស្វែងរកបរិមាណ ជាតិខ្លាញ់ កាបូអ៊ីដ្រាត និង ប្រូតេអ៊ីននៅក្នុងអាហារ។ ភ្លើងដែលបាញ់ចេញពីឧបករណ៍នេះវាធ្វើការវិភាគនូវការប្រែប្រួលនៃសញ្ញាម៉ូលេគុលរបស់ចំណីអាហារណាមួយដែលបានស្កេន រួចពិនិត្យមើលថាចំណីអាហារនោះមានឈ្មោះអ្វី។
ដើម្បីប្រើប្រាស់វាគេគ្រាន់តែបញ្ចាំងភ្លើងនៃឧបករណ៍នេះទៅលើចំណីអាហារណាដែលគេចង់ដឹងពីបរិមាណកាឡូរី។ រួចវានឹងធ្វើការបញ្ជូនទិន្នន័យនៃសញ្ញាម៉ូលេគុលតាមរយៈ Bluetooth ទៅកាន់កម្មវិធីទូរសព្ទ បន្ទាប់មកទិន្នន័យនោះនឹងបញ្ជូនទៅកាន់កន្លែងផ្ទុកទិន្នន័យរបស់ក្រុមហ៊ុនដើម្បីស្វែងរកពីឈ្មោះចំណីអាហារដែលមានសញ្ញាម៉ូលេគុលដូចគ្នា។ បន្ទាប់ពីដឹងពីឈ្មោះនៃចំណីអាហារ ហើយព័ត៌មានអំពីបរិមាណកាឡូរីនឹងបង្ហាញលើស្មាតហ្វូន (ដូចដែលបានបង្ហាញក្នុងរូបឧទាហរណ៍ខាងក្រោម)។
ក្រុមហ៊ុន Consumer Physics អាចនឹងដាក់លក់ឧបករណ៍នេះជាផ្លូវការនៅក្នុងឆ្នាំ២០១៦ខាងមុខនេះ ហើយអតិថិជនអាចធ្វើការកក់ទុកជាមុនបានក្នុងតម្លៃ២៤៩ដុល្លារ៕
Post a Comment